នរណាជា ហ៊ុន សែន នរណាជា សម រង្ស៊ី?
ឯកឧត្តមសម រង្ស៊ី និងសម្តេចតេជោហ៊ុន សែន ទាំងពីរនាក់ ជាវីរជនខ្មែរ មានដើមកំណើតជាខ្មែរ ហើយស្រឡាញ់ជាតិសាសន៍ខ្លួនដូចគ្នា។ ទោះជាមានកំណើតពីម្តាយទីទៃ លោកទាំងពីរគឺជាបងប្អូននឹងគ្នាក្នុងនាមជាឈាមជ័រនៃពូជអម្បូរ ខ្មែរអង្គរ ដែលមានអរិយធម៌ខ្ពង់ខ្ពស់រុងរឿងក្នុងសម័យអតីតកាល។
ចាប់ ពីដើមទសវត្សរ៍ទី៧០ ខ្ញុំមិនដឹងជាឯកឧត្តមសមរង្ស៊ី ស្ថិតនៅឯណា ហើយបានធ្វើការបម្រើជាតិក្នុងស្ថាប័នណាខ្លះនោះទេ។ ប៉ុន្តែតាមសារព័ត៌មាននានា គេបរិយាយថា សម្តេចហ៊ុន សែនក្នុងជំនាន់នោះ លោកជាអតីតសមមិត្តទាហានព្រៃ ធ្វើការរួមដៃយ៉ាងស្និទ្ធស្នាលជាមួយខ្មែរក្រហមតាមជាយដែន ក្រោមការដឹកនាំលោកប៉ុលពត ដែលទាហានព្រៃទាំងនោះ បានសម្លាប់ប្រជាជនខ្មែរអស់ជាងមួយលាន ៧ សែននាក់ ក្រោយពេលដែលពួកគេបានវាយប្រហារ ខ្មែរសាធារណរដ្ឋរបបលន់ នល់ ដែលជាខ្មែរដូចគ្នា ឲ្យដួលរលំ នៅក្នុងថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥។ ក្រោយពីខ្មែរក្រហមបានរំលាយប្រទេស និងសម្លាប់រាស្ត្រខ្មែរ ដ៏ច្រើនរួចហើយ សាមគ្គីភាពត្រូវរលំបែកបាក់ ហើយបក្ខខ្មែរក្រហមម្ខាង ដែលមានសម្តេចហ៊ុន សែន សម្តេចជា ស៊ីម និង សម្តេច ហេង សំរិនជាអ្នកដឹកនាំ បានរត់ទៅពឹងយួន ឲ្យចូលមកវាយប្រហារ បាញ់សម្លាប់ខ្មែរក្រហម ប៉ុល ពត ដែលមុននេះបន្តិច ពួកគេគឺជាបងប្អូនរួមឈាម រួមអាវុធ រួមចានឆ្នាំងបាយទឹកជាមួយគ្នាសោះ។ បន្ទាប់មករបប ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ របស់ ប៉ុល ពត គ្រប់គ្រងប្រទេសខ្មែរ ក៏ដួលគ្រេងទៅក្នុងកណ្តាប់ដៃនៃកងប្រដាប់អាវុធវៀតណាម។
ជាយ ថាហេតុ រាស្ត្រខ្មែរទាំងផ្ទៃប្រទេស ក៏បានឆ្លងផុតទុក្ខទោសមហាវេទនាមួយគ្រា។ ខ្មែរចាប់ផ្តើមរៀបចំស្រុកទេស ក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម។ ក្នុងថិរវេលាប៉ុន្មានឆ្នាំដំបូង នៃការរៀបចំស្រុកទេសឲ្យមានសន្តិភាព វីរជនខ្មែរ បានប្រើទាហានខ្មែរឲ្យទៅស្លាប់…មិនមែនស្លាប់ដើម្បីការពារផល ប្រយោជន៍ប្រទេសជាតិឯណា តែគេចូលទៅស្លាប់ ក្នុងការវាយប្រហារដណ្តើមអំណាចគ្នារវាងមេដឹកនាំខ្មែរ ហើយសម្តេច ហ៊ុន សែន បានទទួលជោគជ័យ សុខសប្បាយរីករាយ និងបានទទួលតំណែងជានាយករដ្ឋមន្ត្រី នៃរដ្ឋកម្ពុជា។ ទាហានដែលស្លាប់ គឺស្លាប់ដោយគ្មានបានទទួលកិត្តិយសអ្វីសោះ តែគេស្លាប់ក្នុងន័យការពារផលប្រយោជន៍ឯកជន។
រីឯលោកសម រង្ស៊ីបានក្លាយជាមេបក្សប្រឆាំងក្នុងប្រទេស។ ជាការសន្និដ្ឋាន របស់ខ្ញុំ គឺថា លោកសម រង្ស៊ីគ្មានដៃប្រឡាក់ឈាមខ្មែរសោះទេ។ តែតាមព្រឹត្តិការណ៍ខ្លះៗ ខ្ញុំយល់ថា ឯកឧត្តមសមរង្ស៊ី គឺជាវីរជនខ្មែរ ស្នេហាទឹកដី និងប្រជារាស្ត្រខ្មែរ ដ៏ល្អមួយរូប គួរឲ្យគោរពសរសើរ។ ខ្ញុំយល់ទៀតថា ខ្មែរគួរតែលើកតម្កើងជាតិសាសន៍របស់ផងខ្លួន ក្នុងសាមគ្គីភាព និងមេត្រីភាព រវាងគ្នានិងគ្នា ក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ។ តែអត់ទេ… ខ្មែរនៅតែបែកបាក់ហើយស្អប់គ្នាដូចខ្មាំងសត្រូវរាប់រយឆ្នាំមក ហើយ។ ជនបរទេសគេជួយឈឺឆ្អាលខ្មែរ ក្នុងភាពទុរន់ទុរានេះ ព្រោះគេសង្កេតឃើញថា មេដឹកនាំខ្មែរ គឺមានភាពទន់ខ្សោយផ្នែកខាងសតិបញ្ញា ខ្វះការសាមគ្គីរវាងគ្នានិងគ្នា ចំពោះមុខនៃមហាគ្រោះថ្នាក់ដល់ជាតិសាសន៍។ ក្រៅពីហ្នឹង រាស្ត្រខ្មែរមួយចំនួនធំក៏បាននិងកំពុងតែទទួលរងទុក្ខវេទនាដោយ សារភាពសោះអង្គើយនិងអយុត្តិធម៌ពីរដ្ឋាភិបាលរបស់ខ្លួន។ បរទេស គេចូលមកជួយនិយាយផ្សះផ្សាខ្មែរ តែអ្នកធំខ្មែរឥតទទួលទេ ក្រៅតែពីជំនួយលុយកាក់របស់របរ និងចំណេះចេះដឹងផ្សេងៗ។ យើងរាល់គ្នាជារាស្ត្រ បានដឹងហើយថា ក្នុងបច្ចុប្បន្នកាលសម្តេចតេជោហ៊ុនសែន លោកបាននិងកំពុងតែរៀបចំកសាងប្រទេស ឲ្យកាន់តែរីកចម្រើនឡើង ហើយនេះជាមោទនភាពល្អ ក្នុងដួងចិត្តយើង។ គឺលោកមានគុណបំណាច់យ៉ាងច្រើន ចំពោះប្រទេសជាតិនាដំណាក់កាលថ្មី ក្រោយពីលោកចាកចេញពីភាពជាសមមិត្តនៃកងខ្មែរក្រហមវង្វេងសាសន៍។ តែទោះយ៉ាងណា តាមខ្សែប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនៃកម្ពុជា បូករួមទាំងព្រឹត្តិការណ៍នានា ក្នុងបច្ចុប្បន្ន គឺខ្មែរ នៅតែស្ថិតក្នុងគ្រោះថ្នាក់ ហើយរងភាពអាម៉ាស់អាប់ឱនជាដដែល ដោយការប្រេះឆាបែកបាក់គ្នា ក្នុងគ្រួសារជាតិ ស្របពេលដែលខ្មែរ កំពុងតែមានវិបត្តិទឹកដី នៅតាមបណ្តោយខ្សែព្រំដែនខាងកើតនិងខាងលិច។ ប៉ុន្មានខែឆ្នាំចុង ក្រោយនេះ ឯកឧត្តមសម រង្ស៊ីពុំបានធ្វើកិច្ចការអ្វីជាធំដុំក្នុងការជួយកសាងប្រទេស សោះទេ ព្រោះលោកកំពុងនិរទេសខ្លួន ឲ្យផុតពីការចោទប្រកាន់ យ៉ាងលេលានិងអយុត្តិធម៌របស់រដ្ឋាភិបាលខ្មែរ ដោយសារតែទឹកចិត្តអង់អាចនិងស្នេហាជាតិរបស់គាត់ ក្នុងរឿងវៀតណាមឈ្លានពានដីខ្មែរ ក្នុងខេត្តស្វាយរៀង។
នេះ ជាកំហុសធ្ងន់ធ្ងរ នៃរដ្ឋាភិបាលខ្មែរបច្ចុប្បន្ន និងជាករណីវិកលចរិត ដែលកម្រមានក្នុងប្រវត្តិសាស្ត្រមនុស្ស ព្រោះថា នៅលើពិភពលោកជាតិសាសន៍ណាក៏ដូចជាតិសាសន៍ណាដែរ គឺគេតែងតែកាន់ជើង និងជួយជ្រោមជ្រែងជនជាតិគេក្នុងគ្រប់ករណីនិងគ្រប់កាលៈទេសៈ កាលបើគេមានទំនាស់នឹងជនបរទេសដែលឈ្លានពាន។
រដ្ឋាភិបាល សម្តេចហ៊ុន សែន គឺមានកំហុសគួរអៀនខ្មាសខ្លាំងណាស់ ក្នុងករណីនៃការចោទប្រកាន់ឥស្សរជនខ្មែររូបនេះ ក្នុងករណីនេះដែលតាមសច្ចយុត្តិធម៌នៃច្បាប់ធម្មជាតិ ពួកគេជាខ្មែរទាំងអស់ គួរតែកាន់ជើងនិងជួយជ្រោមជ្រែងគ្នា ទើបសមហេតុសមផល។ តែរដ្ឋាភិបាលនេះ ធ្វើសកម្មភាពទាំងកម្រោលទទឹងទិស ពន្លិចកិត្តិយស និងបំបាក់ទឹកចិត្តស្នេហាជាតិ នៃឥស្សរជនជាតិឯង ឲ្យបរទេសរឹតតែមានកម្លាំងចិត្ត ក្នុងការប្រមាថមើលងាយរបស់គេចំពោះជាតិខ្មែរទៅវិញ។ ឃើញទេ? ព្រោះតែអ៊ីចឹងហើយ បានជាទាំងខ្មែរ ទាំងបរទេសនានា គេយល់ថា វាមិនមែនជារឿងខុសឆ្គង របស់លោកសមរង្ស៊ី ក្នុងការដែលលោកកំពុងបំពេញកាតព្វកិច្ច ជាតំណាងរាស្ត្រ ជួយឈឺឆ្អាល ចំពោះផលប្រយោជន៍ នៃជាតិរបស់លោកនោះឯណា តែវាជារឿងនយោបាយលេលា កម្ចាត់កម្ចាយអ្នកប្រឆាំង ដើម្បីបំបាត់សំឡេងវីរជនស្នេហាជាតិរូបនេះតែប៉ុណ្ណោះ។ នេះជាការ ខូចខាតបាត់បង់ផលប្រយោជន៍ខ្មែរ។ សម្តេចតេជោពិតជាយល់ច្បាស់ ក្នុងករណីនេះ ថា លោកសមរង្ស៊ី ពិតជាគ្មានកំហុសទាល់តែសោះ។ បើសម្តេចយល់ថា ទឹកចិត្តក្លាហាននិងសកម្មភាពការពារទឹកដី នៃវីរជនខ្មែររូបនេះ ជាឧក្រិដ្ឋកម្ម ដែលត្រូវមានទោស គឺសម្តេច បានបង្ហាញឲ្យយើងរាល់គ្នាដឹងថា គឺលោកមិនមែនជាមេដឹកនាំដ៏ល្អ ឬជាជនដែលមានបេះងស្នេហាជាតិខ្មែរ មួយរយភាគរយនោះទេ។
តែ លោកស្រឡាញ់និងគិតគូរ ផលប្រយោជន៍គ្រួសារផ្ទាល់ខ្លួនរបស់លោក ច្រើនជាងស្រឡាញ់រាស្ត្រខ្មែរនិងប្រទេសជាតិរបស់លោក។ អាស្រ័យហេតុ នេះ សូមខ្មែរទូទៅ បូក-សង លក្ខណៈនៃរឿងរ៉ាវទាំងអស់ ដែលជាប់ទាក់ទងដល់វីរជនខ្មែរទាំងពីរនេះ ដោយគតិសច្ចយុត្តិធម៌ខ្លួនឯង និងធ្វើការវិនិច្ឆ័យផងចុះថាតើនរណាមួយជា ហ៊ុន សែន ហើយនរណាគឺជាសម រង្ស៊ី?
យោបល់របស់ខ្ញុំផ្ទាល់ គឺថា សម្តេចតេជោ និងឯកឧត្តមសមរង្ស៊ី គឺជាបងប្អូននឹងគ្នាក្នុងនាមជាខ្មែរ ពូជពង្សអ្នកកសាងអង្គរវត្តក្នុងចក្រភពខ្មែរ ដែលអតីតកាលរបស់យើង មានគេកោតសរសើរនៅអាស៊ីអាគ្នេយ៍នេះ។ ខ្មែរគួរតែរួបរួមគ្នា ហើយលោកសមរង្ស៊ីគួរតែធ្វើមាតុភូមិនិវត្តន៍ ដោយសុខសន្តិភាព និងចាប់ផ្តើមធ្វើការងារ ជាមួយគណបក្សប្រជាជន រួមកម្លាំងគ្នា ដោះស្រាយបញ្ហាព្រំដែន… បំបាត់ឫសគល់តូចធំនៃអំពើពុករលួយ…បំបាត់សកម្មភាពបក្ខពួកនិយម និងវប្បធម៌អន្តរាគមន៍ សុំការងារធំដុំធ្វើ និងផ្តល់យុត្តិធម៌គ្រប់បែបយ៉ាង ជូនរាស្ត្រខ្មែរ ដែលជាម្ចាស់ឆ្នោត និងជាម្ចាស់ទឹកដីនៃកម្ពុជា។ ពេលនោះ យើងនឹងប្រកាសប្រាប់ពិភពលោកថា មុខរបួសក្នុងដួងចិត្តខ្មែរ គឺចាប់ផ្តើមសះជាហើយ។ ជយោ! ខេមរជាតិ៕
ដោយ ជូ លាងហាក់ នៅអាមេរិក អ៊ីមែល hakchou@hotmail.com
No comments:
Post a Comment