នរណាជា ហ៊ុន សែន នរណាជា សម រង្ស៊ី?
ឯកឧត្តមសម រង្ស៊ី និងសម្តេចតេជោហ៊ុន សែន ទាំងពីរនាក់ ជាវីរជនខ្មែរ មានដើមកំណើតជាខ្មែរ ហើយស្រឡាញ់ជាតិសាសន៍ខ្លួនដូចគ្នា។ ទោះជាមានកំណើតពីម្តាយទីទៃ លោកទាំងពីរគឺជាបងប្អូននឹងគ្នាក្នុងនាមជាឈាមជ័រនៃពូជអម្បូរ ខ្មែរអង្គរ ដែលមានអរិយធម៌ខ្ពង់ខ្ពស់រុងរឿងក្នុងសម័យអតីតកាល។
ចាប់ ពីដើមទសវត្សរ៍ទី៧០ ខ្ញុំមិនដឹងជាឯកឧត្តមសមរង្ស៊ី ស្ថិតនៅឯណា ហើយបានធ្វើការបម្រើជាតិក្នុងស្ថាប័នណាខ្លះនោះទេ។ ប៉ុន្តែតាមសារព័ត៌មាននានា គេបរិយាយថា សម្តេចហ៊ុន សែនក្នុងជំនាន់នោះ លោកជាអតីតសមមិត្តទាហានព្រៃ ធ្វើការរួមដៃយ៉ាងស្និទ្ធស្នាលជាមួយខ្មែរក្រហមតាមជាយដែន ក្រោមការដឹកនាំលោកប៉ុលពត ដែលទាហានព្រៃទាំងនោះ បានសម្លាប់ប្រជាជនខ្មែរអស់ជាងមួយលាន ៧ សែននាក់ ក្រោយពេលដែលពួកគេបានវាយប្រហារ ខ្មែរសាធារណរដ្ឋរបបលន់ នល់ ដែលជាខ្មែរដូចគ្នា ឲ្យដួលរលំ នៅក្នុងថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥។ ក្រោយពីខ្មែរក្រហមបានរំលាយប្រទេស និងសម្លាប់រាស្ត្រខ្មែរ ដ៏ច្រើនរួចហើយ សាមគ្គីភាពត្រូវរលំបែកបាក់ ហើយបក្ខខ្មែរក្រហមម្ខាង ដែលមានសម្តេចហ៊ុន សែន សម្តេចជា ស៊ីម និង សម្តេច ហេង សំរិនជាអ្នកដឹកនាំ បានរត់ទៅពឹងយួន ឲ្យចូលមកវាយប្រហារ បាញ់សម្លាប់ខ្មែរក្រហម ប៉ុល ពត ដែលមុននេះបន្តិច ពួកគេគឺជាបងប្អូនរួមឈាម រួមអាវុធ រួមចានឆ្នាំងបាយទឹកជាមួយគ្នាសោះ។ បន្ទាប់មករបប ៣ ឆ្នាំ ៨ ខែ ២០ថ្ងៃ របស់ ប៉ុល ពត គ្រប់គ្រងប្រទេសខ្មែរ ក៏ដួលគ្រេងទៅក្នុងកណ្តាប់ដៃនៃកងប្រដាប់អាវុធវៀតណាម។
ជាយ ថាហេតុ រាស្ត្រខ្មែរទាំងផ្ទៃប្រទេស ក៏បានឆ្លងផុតទុក្ខទោសមហាវេទនាមួយគ្រា។ ខ្មែរចាប់ផ្តើមរៀបចំស្រុកទេស ក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម។ ក្នុងថិរវេលាប៉ុន្មានឆ្នាំដំបូង នៃការរៀបចំស្រុកទេសឲ្យមានសន្តិភាព វីរជនខ្មែរ បានប្រើទាហានខ្មែរឲ្យទៅស្លាប់…មិនមែនស្លាប់ដើម្បីការពារផល ប្រយោជន៍ប្រទេសជាតិឯណា តែគេចូលទៅស្លាប់ ក្នុងការវាយប្រហារដណ្តើមអំណាចគ្នារវាងមេដឹកនាំខ្មែរ ហើយសម្តេច ហ៊ុន សែន បានទទួលជោគជ័យ សុខសប្បាយរីករាយ និងបានទទួលតំណែងជានាយករដ្ឋមន្ត្រី នៃរដ្ឋកម្ពុជា។ ទាហានដែលស្លាប់ គឺស្លាប់ដោយគ្មានបានទទួលកិត្តិយសអ្វីសោះ តែគេស្លាប់ក្នុងន័យការពារផលប្រយោជន៍ឯកជន។

